រន្ធត់! ឧទ្ធម្ភាគចក្រ​មហាសេដ្ឋី​ថៃ ម្ចាស់​ក្លឹប Leicester City បាន​ធ្លាក់​ផ្ទុះ​ឆេះ​ក្រោយ​ចប់​ប្រកួត​យប់​មិញ

4742

បន្ទាប់​ពី​ចប់​ការ​ប្រកួត​រវាង​ក្រុម Leicester City ជាមួយ​ក្រុម West Ham United កាល​ពី​យប់​មិញ ឧទ្ធម្ភាគចក្រ​របស់​មហាសេដ្ឋី​ថៃ Vichai Srivaddhanaprabha បាន​ហោះ​ចាក​ចេញ​ពី​កីឡដ្ឋាន​វិញ​ភ្លាមៗ ដូច​សព្វ​មួយ​ដង។ ប៉ុន្តែ​ថ្ងៃ​នេះ បែរ​ជួប​គ្រោះ​អកុសល​ធ្លាក់​ទៅ​វិញ នៅ​ចំណត​រថយន្ត​ខាង​ក្រៅ​កីឡដ្ឋាន King Power Stadium ​របស់​ក្រុម Leicester City បណ្ដាល​ឱ្យ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ។

ភ្លាម​ៗ ក្រោយ​កើត​ហេតុការណ៍​ដ៏​រន្ធត់​នេះ មិន​ទាន់​មាន​របាយការណ៍​ពី​ចំនួន​មនុស្ស​ដែល​នៅ​លើ​ឧទ្ធម្ភាគចក្រ​នោះ​នៅ​ឡើយ​ទេ។ ចំណែក​ខាង​ក្លឹប ក៏​មិន​ទាន់​បញ្ជាក់​ថា មហាសេដ្ឋី Vichai Srivaddhanaprabha មាន​វត្តមាន​នៅ​លើ​ឧទ្ធម្ភាគចក្រ​ដែរ ឬ​យ៉ាង​ណា​នោះ​ទេ។ ទោះ​បែប​នេះ​ក្ដី អ្នក​យក​ព័ត៌មាន​មួយ​ចំនួន បាន​អះ​អាង​ថា ឃើញ​មហាសេដ្ឋី​រូប​នេះ ឡើង​ជិះ​ឧទ្ធម្ភាគចក្រ មុន​ពេល​ចាក​ចេញ​ពី​កីឡដ្ឋាន។

​មហាសេដ្ឋី​ថៃ Vichai Srivaddhanaprabha មាន​ទ្រព្យ​ប្រមាណ ៥​ពាន់​លាន​ដុល្លារ។ ទ្រព្យ​សម្បត្តិ​របស់​លោក បាន​កើន​យ៉ាង​ឆាប់​រហ័ស តាម​រយៈ​ហាង​លក់​ទំនិញ​នានា ដែល​មាន​ជា​ច្រើន​កន្លែង ជា​ពិសេស​គឺ​ហាង King Power ដែល​មាន​ស្ទើរ​គ្រប់​ព្រលាន​យន្តហោះ​នៅ​អាស៊ី។

ជា​ទូទៅ លោកVichai Srivaddhanaprabha ​តែង​ជិះ​ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន​ដែល​មាន​តម្លៃ​ប្រមាណ ៣​លាន​ដុល្លារ​ទៅ​មើល​ការ​ប្រកួត ក្រោយ​ពេល​ដែល​លោក​ទិញ​ក្លឹប​នេះ រហូត​ដល់​ឈ្នះ​ពាន​កំពូល​អង់គ្លេស​កាល​ពី​ឆ្នាំ២០១៦។ ចំពោះ​ព័ត៌មាន​នៃ​ការ​ស្លាប់ ឬ​រស់​របស់​មហាសេដ្ឋី​ថៃ​រូប​នេះ មិន​ទាន់​ត្រូវ​បាន​ទម្លាយ ព្រោះ​អាច​ខ្លាច​មាន​ការ​ចលាចល​ណា​មួយ​កើត​ឡើង​ក្នុង​មុខ​ជំនួញ៕

ប្រភព៖ Daily Mail