ឧកញ៉ា ម៉ុង ឫទ្ធី មាន​លុយ​ពេញ​ដៃ តែ​មុខ​ម្ហូប​រាល់​ថ្ងៃ​សាមញ្ញ​បំផុត ហើយ​ប្រពន្ធ​ធ្វើ​ដោយ​ផ្ទាល់

29468

ឧកញ៉ា ម៉ុង ឫទ្ធី គឺ​ជា​មហាសេដ្ឋី​ម្នាក់ ដែល​មាន​ជំនួញ​កសិកម្ម​ជា​ច្រើន​ក្នុង​ដៃ ហើយ​ជួយ​ដល់​ប្រជាជន​ខ្មែរ​ប្រមាណ​ជាង​មួយ​ម៉ឺន​នាក់ ឱ្យ​ធ្វើការ​ដោយ​ផ្ទាល់ និង​ផ្ដល់​ប្រយោជន៍​ដោយ​ប្រយោល​ដល់​មនុស្ស​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត។ ជា​អ្នក​មាន​បែប​នេះ គ្រប់​គ្នា​ប្រាកដ​ជា​គិត​ថា ឧកញ៉ា ម៉ុង ឫទ្ធី ទទួល​ទាន​ម្ហូប​ថ្លៃ​ៗ​មិន​ខាន តែ​​ធាតុ​ពិត មុខ​ម្ហូប ផ្អក ប្រហុក និង​ត្រី​អាំង​បែប​ស្រុក​ស្រែ គឺ​ជា​អាហារ​ប្រចាំ​ថ្ងៃ​របស់​លោក។

លោក​ឧកញ៉ា ម៉ុង ឫទ្ធី កម្រ​ទទួល​ទាន​គ្រឿង​សមុទ្រ ឬ​ម្ហូប​អឺរ៉ុប​ណាស់ ព្រោះ​លោក​ចូល​ចិត្ត​ម្ហូប​បែប​ខ្មែរ ជា​ពិសេស គឺ​ត្រី​តែ​ម្ដង។ រាល់​លើក ភរិយា​របស់​ឧកញ៉ា ម៉ុង ឫទ្ធី គឺ​ជា​អ្នក​ចូល​ចង្ក្រាន​ដោយ​ផ្ទាល់​តែ​ម្ដង ដោយ​មិន​ប្រកាន់​ខ្លួន​ឡើយ។ អ្វី​ដែល​រឹត​តែ​ពិសេស គឺ​ភរិយា​ឧកញ៉ា ម៉ុង ឫទ្ធី តែង​ធ្វើ​ប្រហុក​ទុក​ដល់​ទៅ​រាប់​រយ​គីឡូ​ក្រាម ក្នុង​មួយ​លើកៗ ដើម្បី​ទុក​ធ្វើ​ជូន​ភ្ញៀវ​ពិសា។

នៅ​ពេល​មាន​កម្មវិធី​ជប់​លៀង​កម្មការ ឬ​បុគ្គលិក ភរិយា​លោក ឧកញ៉ា ម៉ុង ឫទ្ធី តែង​ធ្វើ​ម្ហូប​ដោយ​ផ្ទាល់​ដៃ​ទៀត​ផង ហើយ​ម្ហូប​ពិសេស​ៗ មាន​ទឹក​គ្រឿង ប្រហុក​ចំហុយ សម្ល​ម្ជូរ​គ្រឿង ត្រី​អាំង ឬ​សម្ល​នំ​បញ្ចុក​ជា​ដើម។ សម្រាប់​ភ្ញៀវ​ដែល​ទៅ​លេង​ផ្ទះ​លោក ឧកញ៉ា ម៉ុង ឫទ្ធី ក៏​ទទួល​ទាន​ម្ហូប​បែប​នេះ​ដូច​គ្នា ព្រោះ​លោក​មិន​ចូល​ចិត្ត​គ្រឿង​សមុទ្រ បង្កង ឬ​ក្ដាម សាច់​គោ ដូច​អ្នក​ទី​ក្រុង​ឡើយ៕