មូលហេតុ​នេះ​សោះ ទើប ពលរដ្ឋ ​ផ្លាស់​ទៅ​លេង​នៅ Buriram ​បាន​ប្រាក់​ខែ​៥​ពាន់​ដុល្លារ

579

ក្លឹប Buriram United ​និង​ក្រសួង​ការពារ​ជាតិ បាន​យល់​ព្រម​គ្នា​ក្នុង​ការ​ផ្ទេរ​កីឡាករ ច្រឹង ពលរដ្ឋ ​ហើយ ​នៅ​ថ្ងៃ​នេះ ​បន្ទាប់​ពី​ធ្វើ​ការ​ចរចា​គ្នា​អស់​រយៈ​ពេល​៣​ខែ។

លោក ខូវ ឆាយ ​អគ្គលេខាធិការ​ក្លឹប​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ថា​ក្លឹប​បាន​អនុញ្ញាត​ឱ្យ ពលរដ្ឋ ​ទៅ​លេង​នៅ Buriram United ​ក្រោម​ហេតុផល​ចង់​ឱ្យ​រូបគេ​ទទួល​បាន​បទ​ពិសោធ​ថ្មី។ មួយ​វិញ​ទៀត ​រូបគេ​នឹង​អាច​ព្យាបាល​របួស​ជង្គង់​នោះ​បាន​ប្រសើរ​ថែម​ទៀត ​ត្បិត​អី​ក្លឹប​នៅ​ថៃ​នេះ​ជា​ក្លឹប​ធំ​មាន​ក្រុម​គ្រូពេទ្យ​គ្រប់​គ្រាន់​ដើម្បី​ព្យាបាល​រូបគេ។

លោក​បញ្ជាក់​បន្ថែម​ថា ​Buriram United ​ខ្ចី​ជើង ពលរដ្ឋ ​២​រដូវ​កាល ​ដោយ​ឱ្យ​រូបគេ​៥​ពាន់​ដុល្លារ ​ក្នុង​១​ខែ អំឡុង​ពេល​លេង​ឱ្យ​ក្លឹប​កំពូល​នៅ​ថៃ​នេះ។ ប្រសិន​បើ ពលរដ្ឋ ​លេង​បាន​ល្អ​ត្រូវ​ចិត្ត ​ក្លឹប​មាន​សិទ្ធិ​ទិញ​យក​ដាច់​តែ​ម្ដង ​ពី​ក្រសង​ការពារ​ជាតិ។ ​លើស​ពី​ប្រាក់​ខែ​ច្រើន​នេះ​ដែរ ពលរដ្ឋ ​ក៏​ទទួល​បាន​ឡាន​១​គ្រឿង ​និង​ខុនដូ​១​ល្វែង​ផង​ដែរ ដើម្បី​ស្នាក់​នៅ​ប្រទេស​ថៃ។

សាមី​ខ្លួន​ផ្ទាល់ ​ក៏​បញ្ជាក់​ពី​មូលហេតុ​ទៅ​លេង​នៅ Buriram United ​ស្រដៀង​នឹង​សម្ដី​របស់​លោក ខូវ ឆាយ ​ខាង​លើ​ផង​ដែរ។ ពលរដ្ឋ ​មាន​ក្ដី​បំណង​ចង់​លេង​នៅ​ក្រៅ​ប្រទេស ​ខណៈ​ដែល​ក្នុង​ស្រុក​វិញ រូបគេ​ធ្លាប់​បញ្ជាក់​ថា​មិន​ទៅ​លេង​នៅ​ក្លឹប​ណា​ក្រៅ​ពី​ក្រសួង​ការពារ​ជាតិ​ឡើយ៕ ដោយ៖ សោម សីណា

SHARE