នៅឆ្នាំ​២០២៣ កម្ពុជានឹង​មាន​ប្រជាជន​កើនឡើង​ដល់ ១៧លាន​នាក់​

317

នៅក្នុងឆ្នាំ​២០១៨​នេះ កម្ពុជា​មាន​ប្រជាជន​ចំនួន​ប្រមាណ​ជាង ១៦លាន​នាក់ ហើយនឹង​កើន​ដល់​ជាង ១៧លាន​នាក់​នៅឆ្នាំ​២០២៣ និង​ជាង ១៨លាន​នាក់​នៅឆ្នាំ​២០៣០។ នេះ​បើតាម​សារលិខិត​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក្នុង​ទិវា​ប្រជាជន​ពិភពលោក​លើកទី​២៩ នាថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ។

ក្នុង​សារ​លិខិត​នេះ បាន​បញ្ជាក់​ថា អត្រា​កំណើន​ប្រជាជន​ប្រចាំ​ឆ្នាំ​នៅ​កម្ពុជា ថ្វីត្បិត​តែ​បាន​ថយចុះ​ពី ១,៥៧% នៅឆ្នាំ​២០០៩ មក ១,៤% នៅឆ្នាំ​២០១៨ ប៉ុន្តែ​នៅតែ​ខ្ពស់​ជាង​អត្រា​កំណើន​ប្រជាជន​ពិភពលោក ដែលមាន​ត្រឹមតែ ១,០៩% ទ្វីប​អាស៊ី ០,៩% តំបន់​អាស៊ី​បូព៌ា ០,៣៥% សហរដ្ឋអាមេរិក ០,៧១% និង​ទ្វីប​អឺរ៉ុប ០,០៨%។ នៅឆ្នាំ​ ​២០១៨​នេះ ប្រជាជន​នៅលើ​ពិភពលោក​មាន​ចំនួន ៧៦៣២លាន​នាក់ ហើយ​នឹង​កើនដល់ ៨ពាន់​លាន​នាក់​នៅឆ្នាំ​២០២៣៕ ដោយ៖ សោម សីណា