ស្ថានទូត​កម្ពុជា​នៅ​ជប៉ុន ​ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ប្រយ័ត្ន​ចំពោះ​ទឹក​ជំនន់

3132

ស្ថានទូត​កម្ពុជា​នៅ​ជប៉ុន ​បាន​ប្រកាស​ឱ្យ​ពលរដ្ឋ​កម្ពុជា​ដែល​នៅ​ជប៉ុន​ទាំង​អស់ មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹក​ជំនន់ ដែល​កំពុង​ជន់​លិច​នៅ​ប្រទេស​ជប៉ុន។ 

ប្រទេស​ជប៉ុន​កំពុង​ទទួល​រង​ឥទ្ធិពល​ទឹកជំនន់ និង​ការ​បាក់ដី នៅ​តំបន់​មួយ​ចំនួន​នៅ​ភាគ​ខាង​លិច និង​ភាគ​កណ្តាល។ បើ​គិត​មក​ត្រឹម​ពេល​នេះ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ទឹក​ជំនន់​នៅ​ភាគ​ខាង​លិច​ប្រទេស ជប៉ុន​បាន​ដល់ ៨៨​នាក់ និង ៥០​នាក់​កំពុង​បាត់​ខ្លួន។ គ្រោះ​ធម្មជាតិ​នេះ បាន​កើត​ឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង​កាល​ពី​ថ្ងៃ​សៅរ៍ បន្ត​រហូត​ដល់​ថ្ងៃ​អាទិត្យ​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ទឹក​ជំនន់​បំផ្លិច​បំផ្លាញ​នេះ​តែ​ម្ដង។ 

មនុស្ស​យ៉ាង​ហោច​ណាស់ ៥,៩​លាន​នាក់ ត្រូវ​បាន​ជម្លៀស​ចេញ​ផង​ដែរ។ ដោយសារ​តែ​ហេតុ​នេះ​ហើយ ​បាន​ជា​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន​មាន​ក្តី​បារម្ភ​ពី​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ សិក្សា ធ្វើការ និង​ធ្វើ​កម្មសិក្សា​នៅ​តំបន់​ទាំង​នោះ។ 

ស្ថាន​ទូត​ក៏​បាន​ប្រកាស​ដែរ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្នាក់នៅ​ប្រទេស​ជប៉ុន​អាច​ទាក់ទង​ស្ថានទូត​បាន​តាមរយៈ​ហ្វេសប៊ុក​របស់​ស្ថានទូត ឬ​តាមរយៈ៖ ឯកឧត្តម តាំង ផេងរិទ្ធី ទីប្រឹក្សា​ទទួល​បន្ទុក​ពលករ ០៨០ ៣៤៥៩ ៧៨៨៩ ,លោក ឆេង ចំរើន ០៨០ ៤៦៨៩ ៩៣៧៤ ,លោក ឌឿក វណ្ណរិទ្ធិ ០៨០ ៤៤៣៩ ៥៧០៤៕ 

អត្ថបទដោយ៖ សោម សីណា