នៅ​ផ្សារ​សួង ​រក​ឃើញបន្លែផ្លែឈើ និងចំណីអារហារ​មាន​សំណល់ថ្នាំកសិកម្ម ​ប៉ះ​ពាល់​សុខភាព

207

កាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះពិនិត្យបន្លែផ្លែឈើ និងចំណីអារហារក្នុងផ្សារសួង រកឃើញសំណល់​ថ្នាំ​កសិកម្ម ក្នុងម្ទេសប្លោកក្រហម ​ដែល​វា​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​សុខភាព។

នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ មន្ត្រីសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ និងរថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រួមទាំងកម្លាំងសន្តិសុខផ្សារ បានបន្តចុះត្រួតពិនិត្យបន្លែផ្លែឈើត្រីសាច់ និងម្ហូបអារហារ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់ ដល់សុខភាពអ្នកទទួលទាន នៅក្នុងផ្សារសួង ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីពិនិត្យ និងវិភាគឃើញជាក់ស្តែង មន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការដកហូតភ្លាមៗ ម្ទេសប្លោកក្រហមចំនួន ៥គីឡូក្រាម ដែលផ្ទុកសារធាតុគីមី ដើម្បីយកទៅកម្ទេចចោល ព្រមទាំងបានណែនាំ អប់រំ និងធ្វើកិច្ចសន្យាជាមួយអាជីវករផងដែរ។

លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូល ប្រចាំខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មន្ត្រីកាំកុងត្រូលខេត្ត នឹងបន្តតាមដានស្វែងរកប្រភព ដែលប្រមូលព័ត៌មានពីទីផ្សារ ក្នុងន័យធ្វើយ៉ាងណាធ្វើការទប់ស្កាត់ និងបង្រ្កាបឲ្យខានតែបាន ដោយចាត់វិធានការទៅតាមផ្លូវច្បាប់៕

ដោយ៖ សោម សីណា