នៅ​អង្គរវត្ត ​ហាម​បង្ហោះ​ ដ្រូន ​បើ​មិន​ស្ដាប់​ទេ ​នឹង​មាន​រឿង​ជាក់​ជា​មិន​ខាន

657

អាជ្ញាធរ​ជាតិ​អប្សរា ​បាន​ប្រកាស​ថា​នឹង​មាន​វិធានការ​ធ្ងន់ធ្ងរ សម្រាប់​អ្នក​ដែល​បង្ហោះ ដ្រួន ​នៅ​តំបន់​អង្គរវត្ត ​ព្រោះ​វា​មាន​ផល​ប៉ះ​ពាល់​ខ្លាំង។

លោក សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយ​ថា កំណើន​នៃ​ដ្រូន​ក្នុង​តំបន់​អង្គរ​ ជា​ហានិភ័យ​ដល់​ប្រាង្គ​ប្រាសាទ​នានា។ វា​អាច​នឹង​បង្ក​ការ​រំខាន និង​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​រមណីយដ្ឋាន​អង្គរ និង​ភ្ញៀវ​ទេសចរ​ថែម​ទៀត​​ផង​។

ចំពោះ​វិធានការ​បណ្ដោះអាសន្ន ​ក្រុម​ការងារ​នឹង​ចាប់​ដ្រូនរក្សា​ទុក​មួយ​រយៈ​ជា​បណ្ដោះអាសន្ន និង​តម្រូវ​ឲ្យ​ម្ចាស់​ដ្រូន​បំពេញ​បែប​បទ​ស្នើសុំ​តាម​ក្រោយ។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ជាតិ​អប្សរា និង​ស្ថាប័ន​ពាក់ព័ន្ធ​ នឹង​រៀបចំ​ឲ្យ​មាន​ដូចជា ផ្ទាំង​ប៉ាណូ​ធំៗ ការ​ដាក់​សញ្ញា​ហាមឃាត់​នៅ​លើ​បណ្ណ​ទស្សនា និង​ការ​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​ទេសចរណ៍​ជាដើម។

ក្នុង​រយៈពេល​២ឆ្នាំ​ចុងក្រោយ​នេះ ​ការ​បង្ហោះ ដ្រួន មាន​ការ​កើន​ឡើង​ខ្លាំង ពោល​គឺ​ត្រី​មាស​ទី​១ ឆ្នាំ​២០១៧ មាន​ចំនួន​ ៥៨ គ្រឿង និង​ត្រីមាស​ទី​១ឆ្នាំ​២០១៨ មាន​រហូត​ដល់​ចំនួន ១៥៨ គ្រឿង៕

ដោយ៖ សោម សីណា