ប្រជុំម្សិលមិញ ត្រាំ ព្រលយពាក្យ​ប៉ុន្មានម៉ាត់ ល្មម​​ធ្វើ​ឲ្យ​គីម ជុងអ៊ុន លើសឈាមបាន

326

«គាត់​មានបុគ្គលិកលក្ខណៈ​ល្អ​មែនទែន…គាត់កំប្លែង ហើយ​ឆ្លាត​ខ្លាំង»។ សម្តី​ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និយាយចំពោះ​លោក គីម ជុងអ៊ុន ​ក្នុង​កិច្ចសម្ភាសន៍កាលពីថ្ងៃអង្គារ៍ ១២ មិថុនា ឆ្នាំ ២០១៨ ម្សិលមិញ។

ប្រធានាធិបតីរូប​នេះ បានសរសើរ​លោក គីម ជុងអ៊ុន​ ថាជាបុរសខ្លាំង ឆ្លាត និងជាអ្នកចរចាដ៏អស្ចារ្យ​ម្នាក់ ហើយ​ទាំង​លោក​និង​លោក​គីម ចុះសម្រុង​គ្នាខ្លាំង​បំផុត​ក្នុង​កិច្ច​ប្រជុំ​កាលពីម្សិលមិញ​នៅសឹង្ហបុរី​នេះ។ នេះ​តាម​ការ​ចុះផ្សាយ​របស់​ Fox News។

យ៉ាង​ណាមិញ​លោក ត្រាំក៏បាន​បន្ថែម​ថា ព្រោះ​តែ​ទេពកោសល្យ​ក្នុង​ការ​និយាយ​និង​វោហាស័ព្ទ​ទៅ​កាន់ គីម ជុង​អ៊ុន​ កន្លង​មក​មាន​ប្រសិទ្ធភាព ទើប​មាន​ថ្ងៃ​ប្រជុំ ត្រាំ-គីម នៅសឹង្ហបុរី​នេះ​ឡើង​បាន។

កាលពីចុង​ឆ្នាំ២០១៧ ដូណាល់ត្រាំ ធ្លាប់​ហៅ​ គីម ជុងអ៊ុន ជា «បុរសគ្រាប់​រ៉ុក្កែតល្អិត» និង​បាន​​ព្រមានថា លោក គីម ចង់​នឹង​បាន​ភ្លក់ធម៌​ក្តៅ ​បើ​ហ៊ានបង្ករឿងជាមួយ​សហរដ្ឋអាមេរិកដោយ​អាវុធ​នុយក្លេអ៊ែរ។

កិច្ចព្រមព្រៀង​រវាង​កំពូល​មេដឹកនាំ​ទាំង​ពីរ​បាន​ទទួល​ជោគជ័យ​ទាំង​ស្រុង ដោយ​សម្រេច​ថា​អាមេរិក​នឹង​គាំទ្រ​ទាំងស្រុង​ក្នុង​ការ​លុបបំបាត់អាវុធនុយក្លែអ៊ែរ​ពីឧបទ្វីបកូរ៉េ ដើម្បីសន្តិភាព តែ​នឹង​មិន​ជួយផ្គត់ផ្គង់​ផ្នែកហិរញ្ញវត្ថុក្នុុង​ការ​កម្ទេច​រោងចក្រ​នុយក្លេអ៊ែរ​នោះ​ទេ ដោយ​ទុក​អោយកូរ៉េខាងត្បូង​និង​ជប៉ុនផ្តល់ជំនួយ​ដល់កូរ៉េ​ខាង​ជើង ខណៈ​ការ​ចំណាយ​ប្រហែលដល់ ២០ ពាន់លានដុល្លារ៕

ប្រែសម្រួល៖ រតនា

ប្រភព៖ foxnews