វៀតណាម​បោះ ១ ពាន់លានដុល្លារជួល​ដី​ខ្មែរ​ដាំ​បន្លែ តែ​អ្នក​ជំនាញ​បារម្ភ​ខ្លាច​ប្រើគីមី​ខ្ទេច​ដី​អស់

4430

ក្រុម​ហ៊ុន​មួយ​របស់​វៀតណាម ឈ្មោះ FLC Group ​គ្រោង​នឹង បោះ​ទុន ១ ពាន់​លាន​ដុល្លារ វិនិយោគ​លើ​​វិស័យ​កិសកម្ម​​​ដាំ​ដុះ​បន្លែ និង​ផ្លែឈើ​លើ​ទឹកដី​ប្រទេស​កម្ពុជា ដើម្បី​វេចខ្ចប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

ការ​ដាំដុះ​នៅវៀតណាម

ពាក់ព័ន្ធ​គម្រោង​វិនិយោគ​នេះ​ ខាង​ក្រសួង​កសិកម្ម​មិន​ទាន់​បាន​បញ្ជាក់​រឿង​ លក្ខណ​បច្ចេកទេស​លើ​ការ​ប្រើសារធាតុ​គីមី​លើ​ដំណាំទាំង​អស់នោះ​កម្រិត​ណា​នៅ​ឡើយ​ទេ តែ​ខាង​ក្រសួង​នឹង​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​មាន​ការ​ប៉ះពាល់​គុណភាព​ដី​របស់​កម្ពុជា​ ខូច​សុខភាព​ពលរដ្ឋ ពិសេស​ខូច​ឈ្មោះ​ផលិតផល​កសិកម្ម​ខ្មែរ​លើ​ឆាក​អន្តរជាតិ​នោះ​ឡើយ។

និយាយ​រឿង​វៀតណាម​ចាយ ១ ពាន់​លាន​ដុល្លារ​ជួល​ដី​ដាំដំណាំ​នេះ អ្នក​ជំនាញ​មួយ​ចំនួន​មាន​លោក សម វិទូ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (​សេ​ដាក​) និង លោក សន ជ័យ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​បាន​បង្ហាញ​ក្តី​បារម្ភ​ផ្សេង​គ្នា​លើ​ការ​វិនិយោគ​ដី​ដាំដំណាំ​នេះ។

ក្នុង​នោះលោក សម វិទូ អះអាង​ថា​មិន​បាច់​ដល់​មាន​ការ​វិនិយោគ​ដូច្នេះ​មក​លើ​ដី​កម្ពុជា​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់ការងារ​ពលរដ្ឋ តែ​ផ្ទុយ​ទៅ​វិញ​រដ្ឋ​គួរ​តែ​បង្រៀន​ផ្នែក​បច្ចេកទេស​ដាំដុះ​ដល់ពលរដ្ឋ​ឲ្យ​កាន់តែ​ទូលំទូលាយ នោះ​ទើប​ជា​ការ​ប្រសើរជាង។

ដោយឡែក​លោក សន ជ័យ វិញ​បញ្ជាក់​ថា វៀតណាម​អាច​ធ្វើ​ឲ្យ​កេរិ្តឈ្មោះ​ផលិតផល​ខ្មែរ​ខូច​ឈ្មោះ​លើ​ឆាក​អន្តរជាតិ ព្រោះ​ថា​កន្លង​មក​វៀតណាម​ត្រូវ​សហគមន៍​អ៊ឺរ៉ុប ចាត់​ចូល​ជា​ប្រទេស​ប្រើ​សារធាតុគីមី​ច្រើន​លើ​ដំណាំ រួច​មក​ហើយ ដូច្នេះ​កម្ពុជា​គួរ​តែ​ពិចារណា​ប្រយោជន៍​រយៈ​ពេល​យូរ​របស់​ខ្លួន​ឲ្យ​បាន​ម៉ត់ចត់​។

បើ​តាម​រដ្ឋលេខាធិការ​ក្រសួងកសិកម្ម លោក ទី សុគន្ធ អះអាង​ថាកម្ពុជា​នៅ​មិន​ទាន់​អាច​សម្រេច​បាន​ការ​ដាំ​ដុះ​ផលិត​បន្លែ ផ្លែ​ឈើ​នៅ​ក្នុង​ស្រុក​បាន​មួយ​រយ​ភាគរយ​ទេ ពោល​គឺ​ដាំ​ដុះ​បាន​តែ​​ចំនួន​៥០ភាគរយ​ប៉ុណ្ណោះ ហើយ​នាំ​ចូល​ពី​ប្រទេស​ក្រៅ ៥០ ភាគរយ​បន្ថែម​ទៀត ដើម្បី​បំពេញតម្រូវការ​លើ​ទីផ្សារ​៕

អត្ថបទ៖ រតនា

SHARE