ចុក​ទេ ​អនុបណ្ឌិត​ ឈិន សីហា ​ចេញ​សារ​ឆ្លើយ​តប​អ្នក​រិះគន់ ​ចាស់​ដៃ​តែ​ម្ដង

1999

ដោយសារ​តែ​រូប​មួយ​សន្លឹក​របស់ លោក ឈិន សីហា ​បាន​ធ្វើ​ឱ្យ​បណ្ដាញ​សង្គម​ Facebook ​កាល​ពី​ម្សិលមិញ​នេះ ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង ​ទាក់ទង​ទៅ​នឹង​ការ​ប្រើ​ពាក្យ អនុបណ្ឌិត​របស់​លោក។

យ៉ាងណាមិញ ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្នក​ដែល​រិះ​គន់​នោះ ​លោក ឈិន សីហា ​បាន​សរសេរ​បង្ហោះ​វិញ​ដូច​ខាង​ក្រោម​នេះ​៖ “តម្លៃសីលធម៌សង្គម Social Moral Value ”

មនុស្សម្នាក់ៗមានតម្លៃនិងសីលធម៌រស់នៅរៀងៗខ្លួនសម្រាប់សង្គមមួយនេះ។ ការកើតមករបស់មនុស្សមិនមែនដោយចៃដន្យនោះទេ តែសភាវធម៌និងធាតុជួយជំរុញឲ្យកើតឡើងមក។ មនុស្សខ្លះកើតមកនាំមកជាមួយនូវតម្លៃសីលធម៌ សុភាពរាបសារ វិចារណញ្ញាណមកជាមួយជានិច្ច ផ្ទុយទៅវិញមានមនុស្សមួយចំនួនកើតមកនាំយកតែភាពកម្លៅ ល្ងង់ ភាពហៃអើ និងការបំពុលសង្គមមកជាមួយតែម្តង។

ខ្ញុំមិនយល់ថាសីលធម៌នោះជាអ្វីនោះទេ តែគ្រួសារខ្ញុំ លោកគ្រូអ្នកគ្រូ ញាតិមិត្រតែងតែបានផ្តល់យោបល់ដល់ខ្ញុំថា « សីលធម៌គឺធម៌ដែលនាំឲ្យមនុស្សនៅជុំវិញខ្លួនយើងបានសុខ នោះជាសីលធម៌ដ៏ប្រសើរ »។ ខ្ញុំតែងតែទន្ទេញនិងចងចាំជានិច្ចនូវគតិទាំងអស់នេះ។ ខ្ញុំមិនចាត់ទេថា បុគ្គលចំពូកខ្លះមានសីលធម៌ឬគ្មានសីលធម៌ តែសកម្មភាព ទង្វើ ភាពអវិជ្ជមានរបស់ពួកគេវាស្តែងឲ្យឃើញតែម្តង។

មនុស្សគប្បីយល់ឲ្យបានច្បាស់លាស់ពីព៌ត័មាននានាដែលខ្លួនបានជួបប្រទះ ជាជាងបណ្តោយខ្លួនឲ្យធ្លាក់ខ្លួនក្នុងអន្លង់ពាលគឺសេចក្តីមិនល្អដែលសង្គមពុំឲ្យតម្លៃ។ មនុស្សគប្បីព្យាយាមធ្វើសេចក្តីល្អបង្ហាញទៅមនុស្សគ្រប់គ្នា ជាជាងធ្វើសេចក្តីអាក្រក់ជះលើបុគ្គលជុំវិញហើយជម្រាបថានេះជាសេចក្តីល្អពិត។

ភាពច្រណែន ភាពអវិជ្ជា មោហៈ ការធ្វើសកម្មភាពដោយខ្វះការពិចារណា ទាំងអស់នេះបានច្រានបុគ្គុលៗឲ្យធ្លាក់ក្នុងរណ្តៅខ្លៅ រណ្តៅអាប់យស គ្មានការរាប់អានពីរជ្ឈដ្ឋានទួទៅ ពិសេសនឹងធ្វើឲ្យខ្លួនមានវិប្បដិសារីនាពេលខាងមុខ។ បូគ្គលមួយចំនួនទៀតមានការសិក្សាកម្រិតទាប មានការគិតខ្លី សប្បាយមួយពេល ក៏បន្តធ្វើសកម្មភាពចោលម្សៀតជាច្រើនផងដែរទៅតាមចលនាសង្គម ដែលលះបង់នូវសីលធម៌នានាក៏យ៉ាងនោះដែរ។

មនុស្សជាសត្វដែលមានឧត្តមគតិថ្នាក់ខ្ពស់ លើសអស់សត្វដទៃទៀត បើកាលណាសកម្មភាពនានដែលមនុស្សធ្វើឡើងក្បត់ឧត្តមគតិ បាត់បង់នូវសតិសម្បជញ្ញៈហើយ ត្រង់នេះមានន័យថាខ្លួនមនុស្សនោះប្រៀបបាននឹងខ្មោចដែលស្អុយរលួយនៅរស់មិនទាន់ស្លាប់។

ខ្ញុំសូមគោរពតម្លៃនិងស្ងើចសរសើរដល់បុគ្គលដែលរៀនបានខ្ពង់ខ្ពស់នានា ដែលអស់លោកបានចំណាយពេលយ៉ាងច្រើនក្នុងកិច្ចខិតខំសិក្សា ស្រាវជ្រាវ មានសីលធម៌ គុណធម៌ សច្ចធម៌ ចេះដឹងខុសដឹងត្រូវ ស្គាល់កាលវេលា និងទង្វើរបស់ខ្លួន។ ប៉ុន្តែខ្ញុំសោកស្តាយបុគ្គលដែលរៀនសូត្រដែរតែបង្កើតនូវភាពអវិជ្ជានៅក្នុងខ្លួន មើលបុគ្គលដែលល្អជាងខ្លួនថាជាសំរាម ថាជាលាមក បន្តុះបង្អាប់ រិះគន់អ្នកដទៃដោយសេចក្តីខ្លៅដែលខ្លួនមាន។

បុគ្គលមួយចំនួនរៀនសូត្រដល់កម្រិត « បរិញ្ញា អនុបណ្ឌិត បណ្ឌិត ឬដល់បណ្ឌិតរដ្ឋ » មានន័យថាគេសប្បាយរីករាយនូវភាពឧស្សាហ៍ សមត្ថភាព ភាពប៉ិនប្រសប់ ពិសេសតម្លៃនៃការខំប្រឹងរបស់គេ។ ផ្ទុយពីតម្លៃសីលធម៌និងភាពខ្លៅ មនុស្សមួយចំនួនមានចិត្តមិនសប្បាយថែមទាំងមិនត្រេកអរនឹងអ្វីដែលគេមាន ដោយប្រើវិធីចាក់រុក ចែកផ្សាយធម៌ពាល រិះគន់ ដោយឃើញគេប្រសើរជាងខ្លន។

ខ្ញុំសោកស្តាយដែលបានឃើញបុគ្គលខ្លៅមួយចំនួន ដែលពួកគេបានបំប៉ោងសេចក្តីចក្តីពិត សេចក្តីត្រឹមត្រូវរបស់មនុស្ស ដោយមិនយល់ពីអ្វីដែលគេចង់បង្ហាញក្នុងន័យអប់រំនិងជាធនធានរបស់សង្គមក៏បើ។ ខ្ញុំពុំសូវខ្វល់លើព័ត៌មានស្អុយ ភាពមិនពិតរបស់បុគ្គលល្ងង់នោះទេ ពីព្រោះនេះជារឿងរសើបនិងគួរឲ្យអស់សំណើចនិងប្រៀបបានដូចក្មេងបៀមដៃទៅវិញទេ។

សូមអរគុណ Facebook Page ក្រុមអនាមិកគណនី Fake ACC មួយចំនួនដែលបានជួយផ្សព្វផ្សាយនូវព័ត៌មានដែលក្បត់នូវមនសិការខ្លួន ពិសេសបានស្រាតកាយដ៏ស្អុយរបស់ខ្លួន ដើម្បីឲ្យសង្គមនិងអ្នកដែលមានពុទ្ធិដឹងថាបុគ្គលទាំងអស់មានសីលធម៌ ការគិត ទង្វើមិនស្មើនឹងសត្វធាតុផង។

សត្វឆ្កែ ជាសត្វដែលគោរពម្ចាស់និងមានភាពស្មោះត្រង់ចំពោះចៅហ្វាយនាយរបស់វា។ វាជាសត្វគួឲ្យស្រឡាញ់និងចិញ្ចឹម។ តែបើមនុស្សធ្វើខ្លួនឲ្យទៅជាឆ្កែវិញ មានន័យថាអន់ជាឆ្កែទៅទៀត។ សូមកុំតាំងខ្លួនជាមនុស្សឆ្កែ ដោយសារទង្វើអគតិមួយពេលរបស់ខ្លួន។

មួយវិញទៀត មនុស្សមារយាទសេក ឃើញគេថាអ្វីក៏ស្រែកនិងហៃអើតាមគេចាក់ ដោយមិនដឹងថានោះជាអ្វី ពិតឬទេ ច្បាស់ឬអត់ សម្បូរណាស់សេកប្រភេទមនុស្សនេះ។ ចូរធ្វើខ្លួនឲ្យក្លាយជាសេកដែលគួរឲ្យស្រឡាញ់ កុំធ្វើខ្លួនជាសេកដែលគេខ្នាញ់ចង់តែអារ~ក បែបនេះ៕

រៀបរៀងអត្ថបទដោយ៖ សោម សីណា

SHARE