គម្រោង​យក្ស ៤ ចំណាយ​ប្រាក់ ៥ ពាន់​លាន​ដុល្លារ នឹង​​ប្រែ​កម្ពុជាទៅ​ជា​ប្រទេស​ទំនើប​នៅអាស៊ីឆាប់ៗ

17382

ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​គម្រោង​យក្ស​ចំនួន ៤ បើ​គិត​ជា​ប្រាក់​សរុប​អស់​ប្រមាណដ ៥ ០០០ លាន​ដុល្លារ​អាមេរិក ដោយ​ក្នុង​នោះមាន​ដូចជា ផ្លូវ​ល្បឿន​លឿន​ពីភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ, រថភ្លើង​លើ​អាកាស​នៅ​ក្រុង​ភ្នំពេញ, ព្រលានយន្តហោះខេត្ត​សៀមរាប និង​ព្រលានយន្តហោះខ្នាតយក្ស​​ក្រុង​តាខ្មៅ។

គម្រោង​ទី ១៖ ផ្លូវល្បឿន​លឿន​ ភ្នំពេញ-ក្រុង​ព្រះសីហនុ

ក្រសួង​សាធារណការ និង​ក្រុមហ៊ុន​ចិន បាន​កិច្ចព្រមព្រៀង​សង់​ផ្លូវ​ល្បឿន​លឿន​ដំបូង​បង្អស់​របស់​កម្ពុជាលក្ខណៈអាជីវកម្ម-ផ្ទេរ BOT (ដំបូង​​អ្នក​ដំណើរ​ត្រូវ​បង់ប្រាក់) ពី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ ដោយ​ចំណាយប្រាក់ ១ ៩០០ លាន​ដុល្លារ ដែល​អាច​សម្រួល​ដល់​បង​ប្អូន​អ្នក​ធ្វើ​ដំណើរ​ចំណាយ​ពេល​ត្រឹម ២​ម៉ោង​ប៉ុណ្ណោះ។

កិច្ច​ព្រមព្រៀង​នេះ បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​របស់​លោក លី ខឺឈាង នាយក​រដ្ឋមន្ត្រី​ចិន​នៅ​កម្ពុជា។ តាម​គម្រោង ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ នឹង​ចាប់​ផ្ដើម​សាង​សង់​នៅ​ថ្ងៃ​ដើម​ឆ្នាំ​២០១៨ ​ប្រើ​ទុន ១ ៩០០​ លាន​ដុល្លារ ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន។

គម្រោង​ទី ២៖ ព្រលានយន្តហោះ​ខ្នាតយក្ស​នៅ​ក្រុង​តាខ្មៅ

គម្រោង​ទី២ គឺ ព្រលាន​យន្តហោះ​ថ្មី​នៅ​ខេត្តកណ្តាល បាន​លេច​ចេញ​ព័ត៌មាន​ផ្លូវការ​ហើយ ដោយ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ដោយ​នឹង​ត្រូវ​សាង​សង់​លើ​ផ្ទៃដី ២ ៦០០ ហិកតា និង​ចំណាយ​ប្រាក់ ១ ៥០០ លាន​ដុល្លារ​។ ក្រោ​យព្រលានយន្តហោះ​នេះ​សាងសង់រួច នឹង​ក្លាយជា​ព្រលាន​ធំជាង​គេ​បង្អស់នៅកម្ពុជា ដែល​អាច​ទទួល​យន្តហោះ​ដឹកអ្នក​ដំណើរធំៗបាន។

ព្រលានយន្តហោះថ្មី​ដែល​នឹង​សាងសង់លើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ​នេះស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជា​ការ​វិនិយោគរបស់​ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន (Cambodia Airport Investment Co.,Ltd) ដែល​ក្នុង​ចំណោម​ទឹក​ប្រាក់ ១ ៥០០ លាន​ដុល្លារ​ ទឹកប្រាក់ ១ ១០០លានដុល្លារ ​បាន​ពីកម្ចីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ។

គម្រោង​ទី ៣៖ រថភ្លើង​លើ​អាកាស​នៅ​រាជធានីភ្នំពេញ

គម្រោង​ទី ៣ គឺគម្រោង​រថភ្លើង​លើ​អាកាស AGT នឹង​ចាប់​ផ្តើម​រត់​តាម​ផ្លូវ​ធំៗចំនួន ៥ ឆាប់ៗដូចជា បណ្តោយមហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវលេខ ២១៧ ផ្លូវ វេង ស្រេង ឆ្ពោះមកព្រលានយន្តហោះ និង១ខ្សែទៀតបែកខ្នែងទៅផ្លូវជាតិលេខ៤ និងផ្លូវកប់ស្រូវ ដោយ​ចម្ងាយ​សរុប​ចំនួន ១៨ គីឡូម៉ែត្រ។ គម្រោង​នេះ​ចំណាយ​ប្រាក់​ប្រហែលជាង ៨០០ លាន​ដុល្លារ។

ខ្សែរថភ្លើងលើអាកាស AGT លើអាកាសនេះ នឹង​ជួយ​កាត់បន្ថយការកកស្ទះចរាចរណ៍ ក៏​ដូចជា​លើក​ស្ទួយ​ដល់​វិស័យ​​ដឹកជញ្ជូនលើ​អាកាស​របស់​កម្ពុជាឲ្យ​កាន់​តែ​ផុសផុលឡើង​នាពេលអនាគត។

គម្រោង​ទី ៤៖ ព្រលានយន្តហោះធំ​ខេត្ត​សៀមរាប

ខេត្ត​សៀមរាប​នឹង​មាន​ព្រលានយន្តហោះ​លំដាប់​អន្តរជាតិ​ថ្មី​មួយ ដែល​មាន​តម្លៃ​ដល់​ទៅ ៨៨០ លាន​ដុល្លារ ក្រោម​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​ធំ​មួយ​របស់​ចិនឈ្មោះ YUNAN Development Group។

បច្ចុប្បន្ន​ប្លង់​នៃ​ព្រលានយន្តហោះ​ថ្មី​នេះ ត្រូវ​​បាន​ព្រមព្រៀង​ជ្រើសយកជា​ផ្លូវការ​រវាង​សម្តេច​ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ចិន​ ដោយ​ភាគី​ទាំង​សង​ខាង​នឹង​​ចុះ​ហត្ថលេខា​យក​ប្លង់​នេះ ដើម្បី​សាងសង់​ព្រលានយន្តហោះ​ខ្នាត​អន្តរជាតិ​នៅខេត្តសៀមរាប។

ព្រ​លាន​យន្តហោះ​ថ្មី​នេះ នឹង​ត្រូវ​សាង​សង់​លើ​​ផ្ទៃដី​ជាង ៧០០ ហិ​កតា​ស្ថិត​នៅ​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែល​អាច​ចុះ​ចត​យន្តហោះ​ខ្នាតយក្ស​បាន ដើម្បីជម្រុញ​​ដល់​កំនើន​សេដ្ឋកិច្ច និង​ទទួល​ភ្ញៀវទេសចរពី​គ្រប់​បណ្តាលប្រទេស​បាន​កាន់​តែ​ច្រើន​ថែមទៀត៕

អត្ថបទ៖ រតនា