ម្ចាស់​ដី​ឡូតិ៍​នៅ​ខេត្ត​កែប គួរ​កាប់​ឆ្ការ​ព្រៃ​ឲ្យ​ស្អាត ទទួល​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ

54

ក្នុង​កិច្ច​ប្រជុំ​ត្រៀម​បុណ្យ​សមុទ្រ​នៅ​ថ្ងៃ​ទី​៦ ខែ​ធ្នូ​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប បាន​អំពាវនាវ​ដល់​ម្ចាស់​ដីឡូតិ៍​ទាំង​អស់ មេត្តា​មក​កាប់​ឆ្ការ​ព្រៃ​សម្អាត​ទី​ធ្លា ត្រៀម​ទទួល​បុណ្យ​សមុទ្រ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ពិធីបុណ្យសមុទ្រ លើកទី៦ (ជុំទី២) នៅខេត្តកែប ឆ្នាំ២០១៧នេះ នឹង​ប្រារព្ធឡើង​រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ខាងមុខ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ» ដែលពិធីបើកដំណើរ​ការពិធីបុណ្យ​សមុទ្រជាផ្លូវការ នឹងធ្វើឡើងក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។

ឯកឧត្តម កែន សត្ថា បានបញ្ជាក់ថា បច្ចុប្បន្ន ដីឡូតិ៍ក្នុង​ខេត្ត​កែប​ដែល​ជាកម្មសិទ្ធិឯកជន​មានប្រមាណ ៣ពាន់ឡូតិ៍ ប៉ុន្តែ​ដីឡូតិ៍​ដែលមានការ​អភិវឌ្ឍមាន​តែប្រមាណ​ជាង ៥០០ឡូតិ៍ប៉ុណ្ណោះ ដូច្នេះ​តាមរយៈការអំពាវនាវនេះ សូមម្ចាស់​ដីឡូតិ៍​ទាំងអស់​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្នុងការ​រៀបចំការងារ​នេះ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានក្រើនរំលឹក និងជំរុញជាដដែលៗថា ខេត្តកែប​ត្រូវតែ​ជាខេត្ត​គំរូក្នុង​ការចូលរួម​ក្នុងចលនា​ប្រឡងប្រណាំង «ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អនិងបដិសណ្ឋារកិច្ចល្អ» ពិសេសគំរូក្នុងការ​បញ្ឈប់​ការបោះចោលសំរាម​ជាក្រដាសចោល​ក្រោម​តុនៅ​តាមភោជនីយដ្ឋាន អាហារដ្ឋាន៕

អត្ថបទដោយ៖ ចាន់ តារារស្មី